Raphinha បង្ហើបថាខ្លួនជិតនឹងលាឈប់ពីបាល់ទាត់កាលពីឆ្នាំមុនទៅហើយ ដោយសារតែមូលហេតុជាច្រើន។ ថ្លែងដោយត្រង់ៗជាមួយប្រព័ន្ធផ្សព្វផ្សាយប្រេស៊ីល ខ្សែបម្រើស្លាបក្លិប FC Barcelona រូបនេះបានចែករំលែកថា៖

«ថ្មីៗនេះខ្ញុំបានគិតអំពីការចូលនិវត្តន៍ដោយសារតែបញ្ហាផ្ទាល់ខ្លួន និងអាជីព។ ខ្ញុំបានពិចារណាការបោះបង់ ការចាកចេញពីបាល់ទាត់ ដោយសារបញ្ហាផ្លូវចិត្ត និងប្រព័ន្ធផ្សព្វផ្សាយ ឬការរិះគន់របស់អ្នកគាំទ្រ»។
ប៉ុន្តែអ្វីគ្រប់យ៉ាងបានផ្លាស់ប្តូរនៅពេលដែលប្រពន្ធរបស់គាត់ Natalia សម្រាលបានកូនប្រុសឈ្មោះ Gael ក្នុងខែឧសភាឆ្នាំ 2023 ។

គាត់បាននិយាយថា៖«ឥឡូវនេះខ្ញុំមានកូនប្រុសរបស់ខ្ញុំដែលផ្តល់ការលើកទឹកចិត្តដ៏ធំធេងដល់ខ្ញុំ។ ខ្ញុំសង្ឃឹមថាថ្ងៃណាមួយនៅពេលដែលគាត់ធំឡើង គាត់នឹងឃើញខ្ញុំជាអ្នកបំផុសគំនិត»។
ការទម្លាយបញ្ហាពីខ្សែបម្រើស្លាបរបស់ក្លិប Barcelona រូបនេះអាចគូសបញ្ជាក់ពីសារៈសំខាន់នៃការយល់ដឹងអំពីសុខភាពផ្លូវចិត្តនិងរំឭកយើងឱ្យធ្វើចិត្តល្អចំពោះអ្នកដទៃ ដោយសារយើងប្រហែលជាមិនយល់ច្បាស់ពីបញ្ហាប្រឈមដែលពួកគេជួបប្រទះនោះទេ៕
Comments